ក្នុងកាលៈទេសៈលំបាក ការអប់រំមិនមែនជារឿងដាច់ដោយឡែក ដែលតម្រូវអោយក្រសួងអប់រំ យុវជន និងកីឡា ធ្វើការតែម្នាក់ឯងនោះទេ តែជារឿងរបស់សង្គម ហើយត្រូវការការចូលរួមពីសំណាក់គ្រប់ភាគីពាក់ព័ន្ធ។ នេះបើតាមលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ និងជាប្រធានគណៈកម្មការអប់រំ យុវជន កីឡា ទេសចរណ៍ ធម្មការ កិច្ចការសាសនា និងវប្បធម៌ នៃរដ្ឋសភា។
លោក ហ៊ុន ម៉ានី បន្តថា «ថ្ងៃនេះ យើងទាំងអស់គ្នា បានប្រជុំគិតគូរ ពិភាក្សា និងផ្តល់ធាតុចូលបន្ថែមរួមគ្នា លើគម្រោងការបង្កើតឲ្យមានជា APP E-Learning របស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធ្វើយ៉ាងណា ជំរុញឲ្យការផ្តល់ការអប់រំឌីជីថលដល់សិស្សានុសិស្សកាន់តែមានប្រសិទ្ធភាព»។
លោក ហ៊ុន ម៉ានី លើកឡើងថា «ទន្ទឹមនឹងការខិតខំប្រឹងប្រែងទាំងអស់ ដោយឯកឧត្តមសង្ឃឹមថា អាណាព្យាបាលសិស្សានុសិស្សទាំងអស់ នឹងបន្តចូលរួមគាំទ្ររាល់ចំណាត់ការនានា និងសហការអនុវត្តតាមការណែនាំរបស់ក្រសួង ជាបន្តបន្ទាប់»៕SP